ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរ ឱ្យពិនិត្យមើលការជួលដីនៅក្បែរព្រំដែន ព្រោះអាចបង្កជាបញ្ហាពិបាកដោះស្រាយ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២នេះ។
នៅក្នុងពិធីបិទសន្និបាតនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា នាពេលកន្លងទៅមានប្រជាពលរដ្ឋបានជួលដីនៅតាមព្រំដែន ប៉ុន្តែយូរៗទៅអាចបង្កជាបញ្ហាដែលមិនងាយដោះស្រាយចេញឡើយ ហើយបានហាមឃាត់មិនឱ្យពលរដ្ឋជួលដីនៅក្បែរព្រំដែន ដើម្បីកុំឱ្យមានបញ្ហា។
នៅក្នុងពិធីដដែលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់កងកម្លាំងពាក់ព័ន្ឋ ពិសេសកម្លាំងនគរបាល ត្រូវយកចិត្តទុកដាក់បន្ថែមនូវសន្តិសុខ និងរក្សាបន្ទាត់ព្រំដែន ព្រមទាំងកសាងព្រំដែន ជាព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តាមគោលការណ៍ដែលមានស្រាប់។
សូមរម្លឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ចេញសារាចរហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួល ឬលក់ដី នៅតាមបណ្តោយព្រំដែន ឲ្យទៅប្រទេសជិតខាង ដើម្បីការពារបូរណភាពទឹកដី ផលប្រយោជន៍ពលរដ្ឋ និងជួយសម្រួលការងារកំណត់ព្រំដែនផងដែរ៕