ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣-២៩ ខែមីនា ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ដោយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់មួយចំនួន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមីនានេះថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) នឹងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង ។
ក្រសួងបានឱ្យដឹងបន្តទៀតថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងដែរថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើងដែរ៕