នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា រួមជាមួយគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក រដ្ឋបាលឃុំ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ២០០នាក់ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារសិក្សាមួយខ្នង ដែលមាន១២បន្ទប់ និងអាគារទីចាត់ការមួយខ្នង មាន៣បន្ទប់ ជូនប្រជាជនក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាប់ដំណើរការសាងសង់ជាផ្លូវការ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។
បន្ទាប់មកក្នុងថ្ងៃដដែលនេះផងដែរ ឯកឧត្តមតំណាងរាស្រ្ត ក៏បានអញ្ជើញទៅជួបសំណេះសំណាលជាមួយ សិស្សពូកែគណិតវិទ្យានិងរូបវិទ្យា នៅវិទ្យាល័យព្រៃដើមថ្នឹង ដែលនឹងមកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់សិស្ស ចំនួន២នាក់ គ្រូបំប៉ន ចំនួន ២នាក់ គណៈគ្រប់គ្រងសាលាចំនួន ៧នាក់ រួមទាំងរដ្ឋបាលឃុំផងដែរ។ មិនតែប៉ុណ្ណោះលោកក៏បានលើកឡើងដែរអំពីសកម្មភាពរបស់រដ្ធាភិបាលនៅក្នុងវិស័យអប់រំ ដោយលោកបានចាត់ទុក សកម្មភាពរបស់រដ្ធាភិបាលលើការបង្កើន ធនធានមនុស្ស ជាអាទិភាព និងជាកត្តាសំខាន់ចំាបាច់ក្នុងការចូលរួម អភិវឌ្ឍន៍សេដ្ធកិច្ចជាតិប្រកបដោយនិរន្តរភាព៕