បុរសជាមេខ្យល់ដែលបានឃាត់ខ្លួន និងកសាងសំណុំរឿងទៅតុលាការមានឈ្មោះ លឿម បូរី អាយុ៤០ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសឈ្មោះ លឿម បូរី នៅអំឡុងពេលចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ក្នុងពេលល្បាត ក៏ប្រទះឃើញមានរថយន្ត ១គ្រឿង ម៉ាក NISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 ដឹកមនុស្សប្រុស ស្រី ចំនួន ១៣នាក់ និងឃាត់ដើម្បីធ្វើការសួរនាំ ហើយរកឃើញថា អ្នកបើកបរបម្រុងនាំមនុស្សចំនួន១៣នាក់ ឆ្លងដែនទៅប្រទេសថៃ។
ចំណែកឈ្មោះ លឿម បូរី បានឆ្លើយសារភាពថា រូបគេពិតជាបានទទួលដឹកពលករដែលមានបំណងលួចឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែន។ដោយទទួលបាននូវចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តច្បាប់តែម្តង៕