ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី ចំនួន៣៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នាថ្ងៃទី១៩ ខែមីនា និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា នាថ្ងៃទី១៩ ខែមីនា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣៤នាក់ (ស្រី៤នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស ចំនួន១៩ករណី។
របាយការណ៍ដដែល បានឱ្យដឹងដែរថា ក្នុងចំណោមជនសង្ស័យទាំង៣៤នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ខ្លួន ២២នាក់,ប្រើប្រាស់ ៦ករណី ឃាត់ខ្លួន១៦នាក់ និងដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ខ្លួនម្នាក់។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន(Ice) = ៤៤២,៣២ក្រាម និង២៩កញ្ចប់តូច និងមេតំហ្វេតាមីន(Wy) = ០,៤៦ក្រាម ព្រមទាំង កេតាមីន(Ke) = ១៧,១៥ក្រាម។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕