ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានផ្ញើសារ ជូនចំពោះប្រជាជនកម្ពុជា នៅមុខពេលដែលលោកដឹកនាំគណៈប្រតិភូ មកធ្វើទស្សនកិច្ចផ្លូវការ ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។
ក្នុងខ្លឹមសាររបស់នាយករដ្ឋមន្ត្រីជប៉ុន បានឱ្យដឹងថា ទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពី លោក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឆ្នាំ២០១៤មកម្ល៉េះ ហើយទន្ទឹងរង់ចាំឃើញដោយផ្ទាល់ នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា ។
លោក គីស៊ីដា ហ្វូមិអុ ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា មានគោលបំណងពីរ រួមមាន៖ ទី១ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា និងទី២ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។
លោកនាយករដ្ឋមន្ត្រីជប៉ុន បានរំលេចឱ្យដឹងដែរថា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា និងជំរុញឱ្យរួមគ្នាបង្កើតទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា។
សូមបញ្ជាក់ថា លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ដ្រីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២នេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចតេជោ នាយករដ្ឋ មន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀតផងដែរ៕