ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអំណោយវ៉ាក់សាំងរបស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើសកលលោកទាំងមូល។
ការមានប្រសាសន៍ក្នុងការអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (Astrazeneca) ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ហុងគ្រី គឺជាប្រទេសទី៦ ដែលបានផ្តល់ អំណោយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ដែលសម្តេចបានមកទទួលដោយផ្ទាល់។
សម្តេចតេជោ មានប្រសាសន៍លើកឡើងថា កម្ពុជាបានតាមដានវាយតម្លៃសភាពការណ៍ និងយកចិត្តទុកដាក់ខ្ពស់ ដោយបានពន្លឿន និងជំរុញយុទ្ធនាការ ចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេសកម្ពុជា ខណៈក្នុងក្របខណ្ឌសកលលោក កម្ពុជា ក៏បានចូលរួមជំរុញផងដែរ នូវយុទ្ធនាការចាក់វ៉ាក់សាំង និងបានវាយតម្លៃខ្ពស់ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមកជាពិសេសការចែករំលែកនូវវ៉ាក់សាំងកូវីដ-១៩ ដែលពិតជាមានសារសំខាន់ និងប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ។
សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍លើកឡើងដែរថា ការចាក់វ៉ាក់សាំង គឺជាកិច្ចការអាទិភាព សម្រាប់យើងទាំងអស់គ្នា ហើយវ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្រ្តគន្លឹះ ក្នុងការទប់ទល់នឹងការ ឆ្លងរាលដាល ក៏ដូចជាការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងការបើកកិច្ចដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ។
គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជា គឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,៣៤ ភាគរយ នៃប្រជាជនសរុប ប្រមាណ ១៦ លាននាក់៕
អត្ថបទ៖លាង ឡា