ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះថា សាំងឡើងអាចនឹងឡើងថ្លៃបន្តទៀត ដោយសារសភាពការណ៍អន្តរជាតិ ដែលបានកើតឡើង ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្កើតជាបញ្ហា សម្រាប់សេដ្ឋកិច្ចសកល ប៉ុន្តែដំណោះស្រាយ នៅតែអាចមានផងដែរ តាមរយៈការកាត់បន្ថយធ្វើដំណើរ និងកាត់បន្ថយមធ្យោបាយ ធ្វើដំណើរ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថ្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតា មានតម្លៃ ៥៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត មានតម្លៃ ៥៣០០រៀល ក្នុង១លីត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តម្លៃសាំងធម្មតា ត្រូវបានគេលក់ រាយតាមស្ថានីយ តម្លៃ៤.៨០០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត តម្លៃ៤.៥០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតា បានឡើងថ្លៃ ៥០០ រៀល និងតម្លៃម៉ាស៊ូត បានឡើងថ្លៃ ៨០០ រៀល ក្នុងមួយលីត្រ៕