BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ គ្រោង​ចេញ​ផ្សាយ​​សៀវភៅ ស្តីពី​ដំណើរ​ប្រពាត​ព្រៃ​របស់មហាក្សត្រ ព្រះបាទនរោត្តម​ ឆ្នាំ១៨៨២​​

ថ្ងៃពុធ, 16 ខែមីនា 2022 18:53  មានជ័យ

TTnews876545767988 (2) (1)

លោកស្រីបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀ​លថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ ​បានប្រកាសឲ្យសាធារណជន រង់ចាំតាមដាន ឬ​អាននូវកំណត់ត្រារបស់អគ្គទេសាភិបាលបារាំង លោក ហ្សង់ មូរ៉ា ស្តីពី​ដំណើរបរបាញ់ និងប្រពាតព្រៃរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម​ ឆ្នាំ១៨៨២​ ដែលនឹងត្រូវ​ចេញផ្សាយនាពេលខាង​មុខ ដេលសៀវភៅ​មានចំណងជើងថា “ពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ ឆ្នាំ១៨៨២” ។​

បើតាមលោកស្រី​រដ្ឋមន្ត្រីក្រសួងវប្បធម៌សៀវភៅនេះ គឺជាកំណត់ត្រារបស់អគ្គទេសាភិបាលបារាំង លោក ហ្សង់ មូរ៉ា ស្តីពីដំណើរបរបាញ់ និងប្រពាតព្រៃរបស់ព្រះមហាក្សត្រខ្មែរ​។ 

លោក​ស្រីបណ្ឌិត​សភាចារ្យ ភឿង សកុណា ​បានលើកឡើងនូវខ្លឹមសារខ្លះៗយ៉ាងដូច្នេះថា ​​​​ដោយ​​មាន​បំណង​ចូលរួមធ្វើជាសាក្សី​ក្នុងការ​បរបាញ់ ប្រពាតព្រៃដ៏ធំមួយរបស់ក្សត្រខ្មែរ ព្រះ​បាទនរោត្តមព្រះរាជា នៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលសន្យាជាមួយខ្ញុំថា បំណងនេះអាចនឹងសម្រេចបាន បើសិនជាខ្ញុំស្ម័គ្រចិត្តចូលរួមក្នុងក្បួនដង្ហែព្រះអង្គយាងទៅកាន់ខេត្តពោធិ៍សាត់ ជាខេត្តមួយជាប់នឹងប្រទេសសៀម ដែលបច្ចុប្បន្នមានប្រជារាស្ត្ររស់នៅតិចតួច និងជាទីជម្រ​កដ៏ធំធេងមួយនៃសត្វម្រឹគគ្រប់ប្រភេទនាភាគខាងត្បូងនៃតំបន់ឥណ្ឌូ​ចិន។

ការ​ចេញដំណើរត្រូវបានលើកពេលចុះឡើងជាច្រើនដងរហូតដល់ទីបំផុតគេបានរកឃើញថ្ងៃជ័យមង្គលមួយដោយកំណត់យកថ្ងៃទី១៧ ខែកុម្ភៈ។ ព្រះរាជានឹងយាងចេញនាពេលរសៀលក្រោយកម្តៅថ្ងៃមានភាពស្រទន់បន្តិចដោយ​មានការហែហមពីស្រីស្នំក្រមការ កងការពារព្រះអង្គ មន្ត្រីរាជការតូច-ធំនៃព្រះបរមរាជវាំង…។ ព្រះអង្គយាងគង់លើខ្នងដំរីរាជដ៏ធំមួយដែលមានការតុបតែងយ៉ាងប្រណីត ពួកមហេសី ស្រីស្នំទាំងឡាយក៏ជិះដំរីតាមក្រោយជាជួរៗ បន្ទាប់​ពីនោះ គឺពួកភិលៀង អាមាត្រជាព្រះរាជបរិពារផ្ទាល់ ពួកមន្រ្តីតាមលំដាប់ តាមថ្នាក់ ក្រុមជំនួយការ និងចុងក្រោយបង្អស់ គឺអ្នកបម្រើ ឬពលរាស្ត្រនានាដែលជាអ្នកតាមបម្រើម្ចាស់ខ្លួននីមួយៗ។ ភ្លេងនាំមុខព្រះរាជដំណើរ គឺជាក្រុមភ្លេងម៉ានិល បន្ទាប់ពីនោះ គឺកងសន្តិសុខមួយក្រុមធំ ដោយក្នុងនោះក៏មានពួកហ្វីលីពីនមួយចំនួនផង ហើយចុងក្រោយបង្អស់គឺកងអង្គរក្សរក្សាព្រះអង្គផ្ទាល់។ អ្វីៗទាំងអស់បានរៀបចំរួចរាល់អស់ហើយ។

TTnews876545767988 (3)

នៅពីក្រោយក្រុមភ្លេង និងកងអង្គរក្ស ដំរីធំៗ៦ក្បាល តម្រៀបគ្នាជា ២ជួរ បោះជំហានស្រឹបៗធ្ងន់ៗទៅមុខ តាមក្រោយដោយដំរីរាជព្រះរាជា ដំរីព្រះមហេសី ក្សត្រី ស្រីស្នំក្រមការ ព្រះរាជបរិពារ… រួមទាំងមន្ត្រីធំ-តូចនានា ដែលចេញដំណើរ បន្តៗគ្នាទៅតាមឋានៈបុណ្យសក្តិនៃម្ចាស់ដំរីនីមួយៗ។ នៅចុងក្បួនដង្ហែ គេឃើញមានរទេះគោ និងរទេះក្របីជាច្រើនដែលបរជាបន្តបន្ទាប់ដឹកជញ្ជូនចាន ឆ្នាំង ចង្ក្រាន និងវត្ថុនានាសម្រាប់ផ្ទះបាយ រួមមានទាំងតុ តូច-ធំ ថាសមាស-ប្រាក់ និងឧបករណ៍ ផ្សេងៗ ដែលជាវត្ថុប្រើប្រាស់សម្រាប់ព្រះមហាក្សត្រ… ល។ និងល។

ក្បួនដង្ហែដ៏គគ្រឹកគគ្រេងឱឡារិកកាត់ទីក្រុងភ្នំពេញនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជារាស្ត្រទូទៅ និងជាពិសេសគឺពួកអឺរ៉ុប ដែលរស់នៅក្នុងរាជធានី ហើយដែលមានឱកាសបានឃើញក្បួនដង្ហែព្រះមហាក្សត្រខ្មែរជាលើកទីមួយក្នុងជីវិតខ្លួន។ ខ្ញុំ​ចេញដំណើរនៅពេលព្រឹកព្រលឹម ក្រោយព្រះរាជាមួយថ្ងៃ ដោយជិះលើខ្នងដំរីមួយ រីឯចុងភៅ និងអ្នក​បកប្រែភាសាឲ្យខ្ញុំ ក៏មានដំរីម្នាក់មួយក្បាលរៀងៗខ្លួនដែរ។ ចំណែកដំរីទីបួនមានផ្ទុកទៅដោយគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ និងចង្ក្រាន ចានឆ្នាំង មួយចំនួនទៀត…។​

ទាក់ទងគម្រោង​ចេញ​ផ្សាយ​​សៀវភៅ ស្តីពី​ដំណើរ​ប្រពាត​ព្រៃ​របស់មហាក្សត្រ ព្រះបាទនរោត្តម​ ឆ្នាំ១៨៨២​​​នេះ ការិយាល័យយើងនៅមិនទាន់សុំការបញ្ជាក់ពី​លោកស្រីបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទេរហូតមកដល់​រសៀ​លថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ៕ (មានជ័យ)​


ថ្ងៃពុធ, 16 ខែមីនា 2022 18:53  មានជ័យ