ជើងហោះហើររវាងភ្នំពេញ ប្រទេសកម្ពុជា ជាមួយទីក្រុងបាងកក ប្រទេសថៃ របស់ក្រុមហ៊ុន១ទៀត បានចាប់ផ្តើមឡើងវិញ ក្រោយពីវិបត្តិកូវីដបានស្ងប់ស្ងាត់ ហើយការចាប់ផ្តើមនេះ បានធ្វើឡើងតាមរយៈពិធីសម្ពោធជើងហោះហើររបស់ក្រុមហ៊ុន VietJet Air នាព្រឹកថ្ងៃពុធ ទី១៦ ខែមិនា ឆ្នាំ២០២២ នេះ។
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលជាអធិបតីពិធីសម្ពោធជើងហោះហើររនោះ បានមានប្រសាសន៏ថា សមិទ្ធិផលនៃការបើកជើងហោះហើររវាង រាជធានីភ្នំពេញ និងទីក្រុងបាងកក របស់ក្រុមហ៊ុន VietJet Air ពេលនេះ កើតឡើងដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យប្រទេសកម្ពុជាមានការប៉ះពាល់តិចជាងបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ដែលផ្តល់ឱកាសការបើកសេដ្ឋកិច្ចឡើងវិញ។
ក្នុងនាមថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោកមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមសម្ពោធជើងហោះហើរនេះឡើងវិញ ដែលជាជើងហោះហើរមួយបន្ថែមទៀត ក្នុងការតភ្ជាប់រវាងប្រទេសថៃ ជាមួយប្រទេសកម្ពុជា ដោយផ្តល់ជូនប្រជាជន នៃប្រទេសទាំង០២ នូវជម្រើសកាន់តែច្រើន ក្នុងការហោះហើរមកកាន់ប្រទេសកម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសថៃ ក៏ដូចជាស្វាគមន៍ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ពាណិជ្ជករ ដែលមានបំណងមកទស្សនា និងទទួលយកភាពស្រស់ស្អាត នៃប្រទេសទាំង២។
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចាត់ទុកវត្តមានរបស់ក្រុមហ៊ុនអាកាសចរ ThaiVietjet Air នៅពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ នូវជម្រើសសំបូរបែបដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសរវាងកម្ពុជានិង ថៃឡង់ដ៍ ដែលមកដល់ពេលនេះ មានចំនួន៦ក្រុមហ៊ុន កំពុងហោះហើរ។ លោកថា ក្រុមហ៊ុនអាកាសចរ Thai Vietjet Air គឺក្រុមហ៊ុនអាកាសចរបរទេសទី១ ក្នុងរយៈពេល២ឆ្នាំកន្លងមក ដែលប្រទេសកម្ពុជាបានខកខានស្វាគមន៍ក្រុមហ៊ុនអាកាសចរថ្មីៗ ឬជើងហោះហើរបរទេសថ្មីៗ ចាប់តាំងពីមានការរីក រាលដាលជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០។
ចំណែកលោក W0ranate Laprabang អគ្គនាយកក្រុមហ៊ុនអាកាសចរ Thai Vietjet Air បានថ្លែងថា ការចាប់ផ្តើមការហោះហើរជាលើកដំបូងនេះ ក្រុមហ៊ុននឹងផ្តល់ការហោះហើរពីភ្នំពេញបាកកចំនួន៣ ជើងក្នុង១ សប្តាហ៍ នៅរៀងរាល់ថ្ងៃច័ន្ធ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍តាមរយៈយន្តហោះលេខ VZ720 ដែលហោះហើរពីបាងកក ទៅភ្នំពេញ ចាប់ពីម៉ោង៨ និង៣០នាទីទៅដល់ ម៉ោង៩និង៤០នាទី និងជើងហោះហើរលេខ VZ721 ពីភ្នំពេញទៅបាងកក ចាប់ពីម៉ោង១០ និង៣០នាទី ទៅដល់ម៉ោង១១ និង៤៥នាទី៕ (មានជ័យ)