ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពីការដោះស្រាយវិវាទការងាររវាងអតីតបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈអ្នកពាក់ព័ន្ឋមួយចំនួនត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា សម្ដេចតែងអំពាវនាវ និងជំរុញ ឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយ។
សម្ដេចក្រឡាហោមបន្តថា ពេលនេះមានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកការចរចារបន្តក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយសម្ដេចក៏នៅតែបន្តលើកទឹកចិត្តនិងជំរុញឱ្យមានការចរចាដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ដែរ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៨នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈសមាជិកសហជីព មួយចំនួនទៀត មិនទាន់ដោះលែងនៅឡើយទេ បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងពេលដឹកនាំធ្វើការទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុនណាហ្គាវើលដ៍៕