ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ដោយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់មួយចំនួន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀត ដែលកើតឡើងផ្ទាល់ដោយកន្លងជា អន្លើ (Local Low Formed) ។
ក្រសួងបានឱ្យដឹងបន្តទៀតថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តែសម្រាប់ ថ្ងៃទី១៩-២១ ខែមីនា ពិសេសនៅតំបន់ទំនាបកណ្ដាលនិងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើង , សីតុណ្ហភាពអតិបរិមាធ្លាក់ចុះបន្តិចមកវិញ ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងដែរថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕
អត្ថបទ៖លាង ឡា