ព្រះសីហនុ៖ ក្រុមអនាធិបតេយ្យ ប្រមាណ២៩៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនចុះបង្រ្កាប ក្រោយពេលពួកគេធ្វើចលនាប្រមូលផ្តុំ បំផុសបំផុលឲ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅចំណុចគីឡូ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យាន ជាតិជួរភ្នំក្រវាញខាងត្បូង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានឲ្យឱ្យដឹងថា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរបានចុះហាមឃាត់និងណែនាំប្រជាពលរដ្ឋ ដែលកំពុងធ្វើ សកម្មភាពកាប់ឆ្ការដីរបស់រដ្ឋឱ្យបញ្ឈប់សកម្មភាពរុករាន ដោយខុសច្បាប់ជាបន្ទាន់។
មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានឲ្យឱ្យដឹងបន្តថា ក្រុមការងារបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាមេខ្លោង ចំនួន១០នាក់ និងបានដកហូតវត្ថុតាងមាន៖ ចបកាប់ ចំនួន១. ចបជីក ចំនួន៥ដើម ញញួរ ចំនួន៣ដើម ពូថៅ ចំនួន១៨ដើម ដែកគាស់ ចំនួន២ ដែកគោល ចំនួន៥គីឡូ កាំបិតផ្គាក់ ចំនួន២៣ដើម កាំបិតតូច ចំនួន៣ តង់ ចំនួន៤ រថយន្ត ចំនួន៤គ្រឿង និងម៉ូតូ ចំនួន២គ្រឿង និងបានបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។
មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានព្រមានចាត់វិធានការតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិត្រង់មាត្រា ៥៦ និងមាត្រា ៦២ ដែលចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លានរៀល ចំពោះបុគ្គលប្រព្រឹត្ត ជានីតិបុគ្គល នឹងត្រូវពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ២៥០លានរៀល ចំណែកវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ហើយក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង ។
សូមរម្លឹកថា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ៕