ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយក្រុមមន្រ្តី នៃកងស្វ័យការពារជើងទឹកប្រទេសជប៉ុន ដែលនឹងចូលចតជាផ្លូវការនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២នេះ។
លោកឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក បានចុះត្រួតពិនិត្យកងកម្លាំង និងធ្វើការណែនាំមុននឹងចុះតាមគោលដៅអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹកបានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយនាយនាវី និងពលនាវិក នៃកងស្វ័យការពារជើងទឹកប្រទេសជប៉ុន ក្នុងខេត្តព្រះសីហនុនៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កងទ័ពស្វ័យការពារជប៉ុន នឹងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ ដោយក្នុងនោះ ក៏នឹងទៅមើលកំពង់ផែរាម ផងដែរ។
សម្តេចពិជ័យសេនា បានឱ្យដឹងដែរថា វត្តមានរបស់កងទ័ពស្វ័យការពារជប៉ុន ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺចូលរួមប្រារព្ធពិធីស្វាគមន៍អបអរសាទរខួប៣០ឆ្នាំ ដែលកងទ័ពស្វ័យការពារជប៉ុន បានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេស ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅកម្ពុជា ជាលើកទី១។
សូមជម្រាបថា នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿង មានឈ្មោះទី១. URAGA – 463 មាន បណ្ដោយ១៤១ម៉ែត្រ ទទឹង២២ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន១២៦នាក់។ នាវាទី២.ឈ្មោះ HIRADO – 305 មានបណ្ដោយ៦៧ម៉ែត្រ ទទឹង១១ម៉ែត្រ ជម្រៅទឹក២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក៦៩០តោន និងមាននាវិក ចំនួន៥៤នាក់៕