Reuters-
ទីប្រឹក្សារសន្តិសុខជាតិអាមេរិក Jake Sullivan ដែលនឹងត្រូវជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ចិន Yang Jiechi នៅក្នុងទីក្រុងរ៉ូមនាថ្ងៃច័ន្ទ បានព្រមានទីក្រុងប៉េកាំងថា ដាច់ខាតចិននឹងប្រឈមជាមួយនឹងផលវិបាកបើសិនជាជួយទីក្រុងមូស្គូបញ្ចៀសនូវការដាក់ទណ្ឌកម្មលើការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ រុស្សីបានសុំជំនួយពីចិនផ្នែកសម្ភារៈបន្ទាប់ពីធ្វើការឈ្លានពានទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភះ ដែលនាំឲ្យមានការព្រួយបារម្ភពីសេតវិមានថា ទីក្រុងប៉េកាំងនឹងគាស់រំលើងនូវការខិតខំប្រឹងប្រែងរបស់លោកខាងលិចដើម្បីជួយកងកម្លាំងអ៊ុយក្រែនការពារប្រទេសរបស់គេ មន្ត្រីអាមេរិកជាច្រើនបាននិយាយ។
ផែនការរបស់ Sullivan នៅក្នុងការជួបប្រជុំជាមួយ Yang គឺដើម្បីធ្វើឲ្យការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ិនតោនមានភាពច្បាស់លាស់ ខណៈដែលបានរៀបចំគូសវាសនូវផលវិបាកដែលកើនឡើងក្នុងការដែលចិនត្រូវប្រឈមទៅនឹងពិភពលោកបើសិនជាចិនបង្កើននូវការគាំទ្រចំពោះរុស្សី មន្ត្រីអាមេរិកបាននិយាយ ដោយមីនបញ្ចេញនូវសេចក្តីលំអិត។ នៅពេលដែលគេសួរថាសំណូមពររបស់រុស្សីចំពោះជំនួយយោធា ដែលជារបាយការណ៍ទី១របស់ Financial Times លោក Lis Pengyu អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ិនតោនបាននិយាយថា “ខ្ញុំមិនដែលបានដឹងអំពីរឿងនេះទេ”។
លោកនិយាយថា ចិនគ្មានការពាក់ព័ន្ធទៅនឹងស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែននោះទេ ព្រមទាំងបានបញ្ជាក់ថា "យើងគាំទ្រនិងលើទឹកចិត្តរាល់ការខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យមានដំណោះស្រាយដោយសន្តិភាពនៅក្នុងវិបត្តិនោះ"។ Lou បាននិយាយថា "ការប្រឹងប្រែងដ៏ខ្លាំងក្លាគួរតែធ្វើដើម្បីគាំទ្ររ្ស្សីនិងអ៊ុយក្រែនឲ្យឈានទៅដល់ការចរចារ ទោះបីជាស្ថានភាពលំបាកដើម្បីបង្កើតនូវលទ្ធផលប្រកបដោយសន្តិភាព"។ Sullivan បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ិនតោន ជឿថាចិនបានដឹងច្បាស់ថារុស្សីបានរៀបចំផែនការសកម្មភាពខ្លះនៅក្នុងអ៊ុយក្រែន មុនពេលដែលការឈ្លានពានបានចាប់ផ្តើម ទោះបីជាទិក្រុងប៉េកាំងមិនបានយល់ទាំងអស់នូវផែនការអស់ទាំងនោះ។
បន្ទាប់ពីចាប់ផ្តើមឈ្លានពាន រុស្សីបានស្វែងរកការគាំទ្រទាំងផ្នែកសម្ភារៈយោធានិងការគាំទ្រពីចិន មន្ត្រីអាមេរិកបាននិយាយ។ Sullivan បានប្រាប់ CNN ថាទីក្រុងវ៉ាស៊ិនតោនកំពុងតាមដានមើលយ៉ាងប្រកិតថា តើចិនបានផ្តល់នូវជំនួយសេដ្ឋកិច្ចឬក៏សម្ភារះយោធាទៅឲ្យរុស្សី ហើយនឹងផ្តល់ផលវិបាកទៅឲ្យចិនវិញបើសិនជាមានរឿងដូចនេះកើតឡើង។ "យើងបានធ្វើទំនាក់ទំនងដោយផ្ទាល់និងជាឯកជនជាមួយទីក្រុងប៉េកាំងថា នឹងមានផលវិបាកធ្ងន់ធ្ងរនិងទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងការជួយគាំទ្ររុស្សី" Sullivan និយាយ។