បាត់ដំបង៖ សាច់ជ្រូកចម្រុះប្រមាណ ៦០០គីឡូក្រាម ដែលលួចនាំចូលពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ចាប់យកទៅកម្ទេចចោល ក្រោយពេលពិនិត្យឃើញថា វេចខ្ចប់មិនត្រឹមត្រូវ និងខូចគុណភាព។
របាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ការស្ទាក់ចាប់សាច់ជ្រូកខូចគុណភាពនេះ បានធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៩ ត្រង់ចំណុចក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង។
សមត្ថកិច្ចបានឱ្យដឹងបន្តថា នៅក្នុងសកម្មភាពនេះ បានឃាត់រថយន្ត LEXUS RX300 មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ2A-7015 និងអ្នកបើកបរឈ្មោះ រ៉ន ធឿត អាយុ៣០ឆ្នាំ ដែលព្យាយាមបើករត់គេចពីសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ។
សាច់ជ្រូកដែលដកហូតត្រូវបាននាំយកទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមស្រុកកំរៀងស្ថិតក្នុងភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ រីឯរថយន្ត និងម្ចាស់ ត្រូវបាននាំទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕