ភ្នំពេញ ៖ ជនសង្ស័យប្រុស ស្រី ចំនួន៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នាថ្ងៃទី១២ ខែមីនា និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នាពីថ្ងៃទី១២ ខែមីនា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣៨នាក់ (ស្រីម្នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស ចំនួន១៥ករណី។
របាយការណ៍ដដែលបានឱ្យដឹងដែរថា ក្នុងចំណោមជនសង្ស័យទាំង៣៨នាក់ រួមមាន ៖ ជួញដូរ ៦ករណី ឃាត់ ១៣នាក់(ស្រី ១នាក់), + ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ និងប្រើប្រាស់ ៨ករណី ឃាត់ ២៤នាក់។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន (Ice) = ១៣២,១០ក្រាម និង៧កញ្ចប់តូច និងមេតំហ្វេតាមីន (Wy) = ១,១៦ក្រាម។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង ហើយបានជះឥទ្ធិពលមកលើប្រទេសក្នុងតំបន់ ក្នុងនោះរួមទាំងកម្ពុជាផងដែរ៕