ភ្នំពេញ៖ គ្រាប់ទម្លាក់ពីយន្តហោះ ដែលកប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រ ត្រូវបានប្រទះឃើញនៅក្នុងភូមិក្តឿង ឃុំតាដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានអ្នកជំនាញអង្គភាពស៊ីម៉ាក់ ដោះបន្សាបដោយជោគជ័យ។
លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា គ្រាប់បែកដែលប្រទះឃើញនេះបានកប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រ និងមានអាយុជាង៥០ឆ្នាំមកហើយ ហើយនៅមានសម្រស់ស្រស់ស្អាតនៅឡើយ។
លោកឱ្យដឹងបន្តថា នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងជំនាញគ្រាប់មិនទាន់ផ្ទុះរបស់អង្គភាពស៊ីម៉ាក់ភ្នំពេញ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់ ជាសំណល់សង្គ្រាម ប្រកបដោយសុវត្ថិភាពនិងជោគជ័យ។
របាយការណ៍របស់អង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា ក្នុងរយ:ពេល៣០ឆ្នាំមកនេះ អង្គភាពបានឆ្លងកាត់បទពិសោធន៍ក្នុងការដោះស្រាយវិបត្តិក្រោយសង្គ្រាមលើបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមរួមមាន៖ គ្រាប់មីនប្រឆាំងមនុស្ស ដែលមានប្រមាណ៤-៦លានគ្រាប់ គ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះ ប្រមាណ៣០លានកូនគ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះ (ទម្ងន់សរុបប្រមាណ២លាន៧៨ម៉ឺនតោន) និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់ប្រភេទដទៃយ៉ាងច្រើនទៀតផងដែរ៕
អត្ថបទ៖លាង ឡា