ស្ទឹងត្រែង៖ រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន១០គ្រឿង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានធ្វើពិធីប្រគល់ និងទទួល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ប៊ូនហ្វេង ភូម៉ាល័យស៊ីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ការផ្តល់ជូននូវរថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន១០គ្រឿង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាការបង្ហាញនូវការគិតគូអំពីសុខទុក្ខក្នុងនាមជាបងប្អូនដែលរស់នៅក្នុងភូមិផងរបងជាមួយ និងសាមគ្គីរវាងប្រទេសទាំងពីរ ខណៈពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ-១៩។
លោក ប៊ូនហ្វេង ភូម៉ាល័យស៊ីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងចាត់ទុកថា ការផ្តល់ជូននូវរថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន១០គ្រឿងនេះ នឹងបង្កភាពងាយស្រួលដល់ការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡាវ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា មកលើប្រទេសឡាវ ថា ជាកិច្ចសហប្រតិបត្តិការដ៏ល្អ។
សូមបញ្ជាក់ថា នេះជាការផ្តល់ជំនួយមនុស្សធម៌លើកទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់រដ្ឋាភិបាលឡាវ ខណៈលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើកទី២ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ និងលើកទី៣ បានធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទ៖លាង ឡា