ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនបុរសជាជនជាតិអាមេរិកកាំងម្នាក់ និងបុរសខ្មែរម្នាក់ នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅកណ្តាលរាជធានីភ្នំពេញ ដោយរឹបអូសបានសារធាតុញៀនទម្ងន់ជាង៤០គីឡូក្រាម។
សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង០១:១៥នាទី កម្លាំងជំនាញ និងសមត្ថកិច្ចពាក់ព័ន្ឋបានដំណើរការស្រាវជ្រាវបង្ក្រាបនៅចំណុចមុខផ្ទះមួយកន្លែងស្ថិតក្នុងបុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក។
សមត្ថកិច្ចបានឱ្យដឹងបន្តថា នៅក្នុងប្រតិបត្តិការនោះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន ៖១-ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិកកាំង និងទី២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ៤២ គីឡូ និង៧២៤ក្រាម ។បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕
អត្ថបទ៖លាង ឡា