បន្ទាយមានជ័យ៖ សមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបន្តស្រាវជ្រាវករណីឃាតកម្មលើកុមារីម្នាក់ ដែលឃាតករបានសម្លាប់កប់ក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងសន្និដ្ឋានថា អាចជាករណីគំនុំ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថាករណីស្លាប់ក្មេងស្រីនេះ អាចជាករណីឃាតកម្ម (គំនុំ) ព្រោះបន្ទាប់ពីគណៈកម្មាការត្រួតពិនិត្យ ឃើញមានស្នាមបែកនៅផ្ទៃមុខសង្ស័យវាយដោយដុំថ្ម មើលស្ទើរតែមិនយល់ ហើយប្រដាប់ភេទ ក៏មិនមានស្លាកស្នាមអ្វី ចំណែកចិញ្ចៀន និងក្រវិលនៅជាប់ខ្លួនក៏មិនមានបាត់បង់ដែរ។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា សពក្មេងស្រីរងគ្រោះមានឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត អាយុ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាទំនប់ក៥ ។ ឪពុកមានឈ្មោះ សំ សាន្ត អាយុ៣១ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ៣២ឆ្នាំ ។ គ្រួសានេះមានកូនស្រីចំនួន ២នាក់ ហើយក្មេងស្រី ដែលរងគ្រោះជាកូនច្បង ។
យោងតាមម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់មិនដឹងបាត់ខ្លួនតាំងពីម៉ោងប៉ុន្មានឡើយដោយដឹងត្រឹមថា កូនបានចេញពីផ្ទះមុនម៉ោង៧ព្រឹក ទៅសាលារៀនដូចសព្វដង។ លុះម៉ោងជាង១១ថ្ងៃ មិនឃើញកូនត្រឡប់មកផ្ទះវិញក៏បានសួរគ្រូ ស្រាប់តែអ្នកគ្រូប្រចាំថ្នាក់បានប្រាប់ថា មិនឃើញកូនរបស់គាត់ទៅរៀនទេទើបធ្វើឲ្យមានគាត់ភ្ញាក់ផ្អើលឆោឡោបាត់កូនតែម្តង ។
ក្រោយមកបានរាយការណ៍ដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះមាន កម្លាំងអាវុធហត្ថ នគរបាលរដ្ឋបាល នគរបាលការពារព្រំដែន កម្លាំងយោធា និងអ្នកភូមិ អ្នកស្រុក កំពុងតាមស្វែងរកបានប្រទះឃើញកាបូបសៀវភៅបោះចូលក្នុងព្រៃកន្ទ្រាំងខេត្ត គេសង្ស័យថា អាចជាស្នាដៃរបស់ជនណាម្នាក់ ព្រោះក្នុងកាបូបនោះមានទាំងស្បែកជើងក្មេងស្រី ឯសៀវភៅ ក៏ឃើញ កាត់ដាច់ជា២ កំណាត់ រីឯដបទឹក និងសៀវភៅ មានជាប់ស្មៅផងដែរ ។ ក្រោយពីស្វែងរកមានភាពស្ងប់ស្ងាត់រហូតដល់ម៉ោងជិត១០យប់ ថ្ងៃខែឆ្នាំដដែល ទើបមានបុរសម្នាក់ប្រទះឃើញនៅក្នុងដីឡូត៍មួយកន្លែងចម្ងាយពីផ្ទះប្រមាណជាង ២០០ម៉ែត្រ បង្ករអោយមានការភ្ញាក់ផ្អើលតែម្ដង ។
របាយការណ៍របស់សមត្ថកិច្ច បានបន្តឲ្យដឹងថា ក្រោយរកឃើញសពរងគ្រោះនៅន្លែងកើតហេតុ កម្លាំងបានយាមកាមមិនឲ្យមានអ្នកទៅក្បែរ លុះព្រឹកឡើងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានបង្កើតជាគណៈកម្មការចម្រុះដើម្បីធ្វើកោសលវិច្ច័យលើសាកសព ដើម្បីស៊ើបអង្កេតវែកមុខឃាតក យកទៅផ្តន្ទាទោសតាមច្បាប់៕