USNews-
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិកនិយាយថា លោកប្រធានាធិបតី Rodrigo Duterte បានប្រុងប្រៀបរួចជាស្រេច ដើម្បីបើកប្រទេសឲ្យជួយសម្រួលគ្រប់បែបយ៉ាងចំពោះកងកម្លាំងអាមេរិកនៅក្រោមកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកឆ្នាំ ១៩៥១ បើសិនជាសង្រ្គាមអ៊ុយក្រែន និងរុស្សីក្លាយទៅជាអាក្រក់អាក្រីហើយទាញអាមេរិកឲ្យចូលមកច្បាំង។ លោកឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ិនតោនបាននិយាយកាលពីថ្ងៃអង្គារ៍។
លោកឯកអគ្គរដ្ឋទូត Jose Manuel. Romulaldez បាននិយាយថា លោកប្រធានាធិបតី RodrogoDuterte បាននិយាយនូវសម្តីនេះនៅក្នុងកិច្ចប្រជុំថ្មីៗនៅទីក្រុង Manila ជាកន្លែងដែលលោកបានបញ្ចេញនូវការព្រួយបារម្ភទៅលើផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកនៃវិបត្តិដែលកំពុងរីករាលដាលនេះ។ ហ្វីលីពីនបានថ្កោលទោសការឈ្លានពាន និងបានបោះឆ្នោតគាំទ្រនូវសេចក្តីសម្រេចរបស់មហាសន្និបាតអ.ស.ប.ក្នុងការទាមទារឲ្បញ្ឈប់ជាបន្ទាន់ នូវការវាយលុករបស់រុស្សី និងដកកងទ័ពរុស្សីទាំងអស់ចេញពីអ៊ុយក្រែន។
Duterte ដែលនឹងត្រូវអស់អាណត្តិដែលមានរយៈពេល៦ឆ្នាំ ជាប្រធានាធិបតីក្នុងខែមិថុនា ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានាធិបតី Vladimir Putin និងលោកប្រធានាធិបតី Xi Jing Ping ខណៈដែលជាញឹកញយបានរិះគន់នយោបាយសន្តិសុខរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំទី១ នៃអាណត្តិរបស់លោក ប៉ុន្តែ Romuladez បាននិយាយថា លោកប្រធានាធិបតីបានប្រាប់លោកថា ការឈ្លានពានរបស់រុស្សីវាជាកំហុស។ លោកបាននិយាយថា បើសិនជាមានការស្នើរសុំឲ្យមានការគាំទ្រ ហ្វីលីពីននឹងចូលរួមភ្លាម។
Duterte មិនបានបញ្ជាក់ឲ្យច្បាស់នៅក្នុងពាក្យសំដីរបស់លោកថា តើលោកនឹងជួយអ្វីខ្លះ ប៉ុន្តែ Romualdez បាននិយាយថា វាអាចនឹងរួមបញ្ចូលទាំងមូលដ្ឋាន Clark និង Subic Bay ដែលជាកំពង់ផែដែលទំនេរនៅភាគខាងនិរតី នៃទីក្រុង Manila ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់ជាមូលដ្ឋាននាវា និងទ័ពអាកាសដែលសហរដ្ឋអាមេរិកបានដកចេញទៅវិញ កាលពីទសវត្សរ៍ឆ្នាំ១៩៩០។ មិនមានធ្វើអត្ថាធិប្បាយភ្លាមៗពី លោកប្រធានាធិបតី Duterte ឬការិយាល័យរបស់លោកទេ៕