បាត់ដំបង ៖ ពលរដ្ឋខ្មែរ ចំនួន៣នាក់ ក្នុងចំណោមពលរដ្ឋខ្មែរ ចំនួន១៤៧នាក់ ត្រូវបានរាយការណ៍ថា វិជ្ជមានជំងឺកូវីដ-១៩ ក្រោយពេលអាជ្ញាធរថៃ ទើបបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា តាមច្រកតំបន់អូរអន្លក់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវៈ៨១៩ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិល ត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
លោកបន្តថា សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ និងធ្វើតេស្តរហ័សដល់ពលរដ្ឋទាំង១៤៧នាក់ ដែលជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន៣នាក់។
លោកឱ្យដឹងបន្តថា ពលករចំនួន២៤នាក់ ស្រី ៩នាក់ ក្មេង៥នាក់ ក្មេងស្រី ១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខណៈពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១២០នាក់ និងអ្នកបានចាក់វ៉ាក់សាំង ចាប់ពីអាយុ ៥ឆ្នាំដល់ ១៨ឆ្នាំ ចំនួន១៦នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕