ភ្នំពេញ៖ សមត្ថកិច្ចនគរបាលបានសង្ស័យថា ករណីបុរស២នាក់ស្លាប់ និងស្ត្រី២នាក់ទៀត សន្លប់ក្នុងរថយន្តជាមួយគ្នាដែលគេប្រទះឃើញកាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀន រហូតគាំងបេះដូង។
តាមរយៈការពិនិត្យនិងវិភាគជុំវិញកន្លែងកើតហេតុ និងការធ្វើកោសល្យវិច័យសពរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនរងគ្រោះចំនួនពីរនាក់ ដែលបានស្លាប់បណ្ដាលមកពីគាំងបេះដូងគឺអាចបណ្ដាលមកពីការប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីននិងអំហ្វេតាមីន។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ក្នុងរថយន្តទាំង២នាក់ មានឈ្មោះ ចំរើន ឆៃយ៉ា អាយុ២៧ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅផ្ទះកន្លែងកើតហេតុ និងម្នាក់ទៀត ឈ្មោះ ឡូវ ឆាយហុង អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវបេតុង ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តបញ្ចេះចោលទុកក្នុងផ្ទះយ៉ាងយូរ ហើយត្រូវបានអ្នកជិតខាងទៅអើតមើល និងប្រាប់ដំណឹងទៅម្ចាស់ផ្ទះ បន្ទាប់មកក៏ប្រទះឃើញមានអ្នកស្លាប់ក្នុងរថយន្តតែម្តង។
តែយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅបន្តស៊ើបអង្គេតករណីនេះ ព្រោះមានស្រ្តីចំនួន២នាក់ទៀតបានសន្លប់លែងដឹងខ្លួន និងមានស្នាមរបួស ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ៕