ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់នូវរថយន្តដឹកវ៉ាក់សាំង ចំនួន១០គ្រឿង ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងបំណងរួមគ្នាដោះស្រាយវិបត្តិ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់។ ក្រសួងសុខាភិបាលបានឱ្យដឹងថា រថយន្តទាំង១០គ្រឿង ដែលត្រៀមប្រគល់ជូនដល់រដ្ឋាភិបាលឡាវគឺជាអំណោយសប្បុរសធម៌របស់ព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានឱ្យដឹងដែរថា នៅទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាតំណាងរបស់ សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងនាំយកនូវ ជំនួយរថយន្តដឹកវ៉ាក់សាំង ចំនួន១០គ្រឿង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ការសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិត ខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង ប្រទេស និងនៅក្នុងតំបន់។
សូមបញ្ជាក់ដែរថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ ថវិកា និងម៉ាសជាច្រើនដល់ឡាវ រួមទាំងប្រទេសជាមិត្តផ្សេងទៀត រួមមាន៖ ប្រទេសវៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងប្រទេសនេប៉ាល់ផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ-១៩៕