ភ្នំពេញ៖ ភ្លៀងនិងខ្យល់កន្ត្រាក់នឹងកើតមានឡើង នៅក្នុងតំបន់មួយចំនួនចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ដោយសារឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងឥទ្ធិពលពីសម្ពាធទាប ដែលកើតឡើងលើថៃនិងកម្ពុជា។ តាមប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនា កម្ពុជានឹងទទួល ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ ហើយពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឥទ្ធិពលពីសម្ពាធទាប បានកើតឡើងលើថៃ និងកម្ពុជា ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មាន២ ពី ៣៣-៣៦.៥ អង្សាសេ ហើយក្នុងចន្លោះពីថ្ងៃទី៩-១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ ហើយ បន្តពីថ្ងៃទី១៣-១៥ ខែមីនា បរិមាណភ្លៀង អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំបន្ថែមនិងខ្យល់កន្ត្រាក់ ។
ក្រសួងបន្តទៀតថា នៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់តិចតួច លុះដល់ថ្ងៃទី១៤-១៥ ខែមីនា បរិមាណភ្លៀងអាចកើនឡើងលាយឡំនិង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែក នៅតំបន់មាត់សមុទ្រវិញ ត្រូវបានក្រសួងបញ្ជាក់ថា សីតុណ្ហភាពអប្បបរមាពី ២២-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ ហើយនៅថ្ងៃទី១៣-១៥ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់៕