ភ្នំពេញ៖ អ្នកនាំពាក្យអាជ្ញាជាតិអប្សរា បានចាត់ទុកការយកទង់ជាតិខ្មែរ ទៅច្នៃធ្វើជាម៉ូដស្លៀកពាក់ គឺជារឿងមិនសមរម្យ។ ការបញ្ចេញប្រតិកម្មនេះ បានកើតឡើង ក្រោយពេលក្រុមតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra បានរួមគ្នាសំដែង ដោយក្រងសម្លៀកបំពាក់មានទង់ជាតិកម្ពុជា នៅលើខ្លួនប្រាណ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាជាតិអប្សរា បានថ្លែងថា ការយកទង់ជាតិខ្មែរដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដស្លៀកពាក់គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិគឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀងនិងភ្លេងជាតិ ព្រោះទង់ជាតិគឺជានិមិត្តរូបជាតិ។
លោកបានលើកឡើងបន្តថា ទង់ជាតិត្រូវបានគោរពដោយស្មារតីស្នេហាជាតិស្រលាញ់ទឹកដីជាតិមាតុភូមិហើយទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិទឹកដី ឬទៅបំពេញបេសសកម្មមនុស្សធម៌នៅក្រៅជាដើម។
អ្នកនាំពាក្យអាជ្ញាជាតិអប្សរា រូបនេះ បានចាត់ទុកការយករូបភាពទង់ជាតិមកធ្វើជាសម្លៀកបំពាក់គឺមិនសមរម្យទេ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់អាចជាការប្រមាថ។
ជុំវិញបញ្ហានេះ អ្នកសារព័ត៌មាននៅពុំទាន់អាចសុំការបកស្រាយពីផលិតកម្ម Galaxy Navatra បាននៅឡើយទេ។
សូមបញ្ជាក់ថា រូបភាពស្លៀកពាក់មានរូបទង់ជាតិខ្មែររបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា ត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមនិងធ្វើឱ្យមតិខ្លះកោតសរសើចំពោះការតុបតែងតែមានមតិខ្លះរិះគន់ផងដែរ។ យ៉ាងណាក៏ដោយគេនៅពុំទាន់ដឹងថា ការថតបទចម្រៀង ដែលមានតុបតែងរូបទង់ជាតិខ្មែរលើសម្លៀកបំពាក់គឺជាបទអ្វីនៅឡើយទេ ប៉ុន្តែគេដឹងថាការថតសំដែងនេះបានធ្វើឡើងក្នុងទឹកដីអង្គរ ហើយត្រៀមចេញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ៕