ភ្នំពេញ៖ រដ្ឋបាលខណ្ឌទូលគោក បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គលញុះញង់ និងរារាំង កម្លាំងសមត្ថកិច្ច ដែលបំពេញភារកិច្ចរៀបចំសណ្តាប់ធ្នាប់សាធារណៈ។
ការប្រកាសចាត់វិធានការនេះ បានកើតឡើងក្រោយពេលមានសកម្មភាពតវ៉ា និងរារាំង ពីសំណាក់អ្នកលក់ដូរនៅលើចិញ្ចើមផ្លូវ និងទ្រង់ផ្លូវ ម៉ៅសេទុង (ផ្លូវ២៤៥) កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានថ្លែងថា កន្លងមករដ្ឋបាល ខណ្ឌទួលគោក បានអនុវត្តវិធានការអប់រំដោយបានចេញនូវសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរ នៅក្នុងការអនុវត្តការ រៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវម៉ៅសេទុង (ផ្លូវ២៤៥)។ លោកថា ផ្ទុយទៅវិញអាជីវករមួយ ចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអាណាធិបតេយ្យនៅលើចិញ្ចើមផ្លូវ និងទ្រង់ផ្លូវនេះដដែល។
អភិបាលខណ្ឌទួលគោក បានលើកឡើងថា អាជ្ញាធរបានចុះអនុវត្តនូវវិធានការរដ្ឋបាល ជាច្រើនលើក ប៉ុន្តែមានជនមួយចំនួនបានធ្វើសកម្មភាពញុះញង់ និងរារាំង កម្លាំងសមត្ថកិច្ច ដោយប្រើហិង្សា។ លើសពីនេះទៅទៀត នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែល នៅតែបង្កើនសកម្មភាពញុះញង់ នឹងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថធ្ងន់ៗមកលើមន្ត្រី ព្រមទាំងបានយកសម្ភារផ្សេងៗមកបិទកំណាត់ ផ្លូវម៉ៅសេទុង(ផ្លូវ២៤៥) ធ្វើឲ្យកកស្ទះ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៀតផង ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌ ទូលគោក បានឱ្យដឹងថា ករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមផ្លូវច្បាប់ និង ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
រដ្ឋបាលខណ្ឌទួលគោក ” ជឿជាក់យ៉ាងមុតមាំថា បុគ្គលដែលមានការពាក់ព័ន្ធ នឹងចូលរួម ជាមួយអាជ្ញាធរ មានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖លាង ឡា