ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន។
សម្តេចតេជោ សង្ឃឹមថា អគារមន្ទីរពេទ្យនេះ នឹងឆ្លើយតបកាន់តែប្រសើរឡើងសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នឹងអាចបម្រើដល់ខេត្តផ្សេងៗទៀត ដូចជា ខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរីផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា កម្ពុជាមានខ្វះខាតនូវបរិក្ខារទំនើបៗសម្រាប់ព្យាបាលប្រជាពលរដ្ឋ តែកម្ពុជា មិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះឡើយ ដោយថា មន្ទីរពេទ្យមានបរិក្ខារទំនើប ជារឿងសំខាន់ហើយ តែអ្វីកាន់តែសំខាន់ទៀតនោះ គឺមនសិការវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។
សូមបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន៕