ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពកាប់សម្លាប់បុរសជាបុគ្គលិកអង្គការ TPO កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ។
សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុមទី១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះ ឡៅ លុន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្រុមទី៥ ភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលជនរងគ្រោះស្លាប់នៅកន្លែងតែម្តង។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរ បាលស្រុកសង្កែ បានឱ្យដឹងថា មូលហេតុដែលឈានដល់ករណីឃាតកម្មនេះ គឺកាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះឈ្មោះ ឡៅ លុន ដែលជាបុគ្គលិករបស់អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្មវិធីសុខភាពផ្លូវចិត្ត PTO បានចុះទៅជួបជន សង័្សយនេះម្តងមកហើយ ដើម្បីសុំឱ្យគាត់ជាឪពុកអនុញ្ញាតឱ្យកូនស្រីបង្កើតរបស់គាត់បានទៅសិក្សារៀនសូត្រក្នុងអង្គការ ព្រោះជនដៃដល់នេះ មានកូនស្រីម្នាក់អាយុប្រមាណ ៧ឆ្នាំ តែមិនបានចូលរៀនសូត្រនោះទេ។
សមត្ថកិច្ចបន្តថានៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅម្តងទៀតតែម្នាក់ឯង លុះនិយាយដល់រឿងសុំឱ្យជនសង័្សយជាឪពុកអនុញ្ញាតឱ្យកូនទៅរៀនសូត្រនៅកន្លែងអង្គការក៏ស្រាប់តែជនសង័្សយ ទាញពូថៅដេញកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅក្នុងបរិវេណផ្ទះតែម្តង។
បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕