ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន បានជំរុញដល់ នគរបាល ជាសមាជិកអាស៊ានទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់នូវអំពើភេរវកម្ម។ ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិ នៃសមាជិកអាស៊ាន ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា។ ក្នុងន័យនេះ សម្តេចតេជោ បានលើកចិត្តឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ាន ដោយគ្មានអំពើភេរវកម្ម។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកទឹកចិត្តផងដែរឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ ចែករំលែកនូវបទពិសោធន៍ព័ត៌មាន និងចង់ឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានក្លាយជាឯកអគ្គរដ្ឋទូតដើម្បីពង្រីក ពង្រឹងទំនាក់ទំនង រវាងប្រទេសផង និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង ។
ជាការឆ្លើយតប ប្រតិភូនគរបាលជាតិ នៃសមាជិកអាស៊ាន បានប្ដេជ្ញាជូនចំពោះសម្ដេចតេជោ ថា នឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយតំបន់អាស៊ាន ឱ្យក្លាយទៅជាតំបន់ នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយសុខដុមនីយកម្ម ស្ថេរភាព និងសន្តិភាព៕