ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់សមត្ថកិច្ច ឱ្យពង្រឹងការពារសន្តិសុខ ដល់បណ្តាមន្រ្តីស្ថាននានា ប្រចាំកម្ពុជា ខណៈស្ថានការណ៍សង្រ្គាម នៅប្រទេស អ៊ុយក្រែន កំពុងមានភាពតានតឹង។
មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងស្ថានភាពសង្រ្គាមនៅ អ៊ុយក្រែន កំពុងតានតឹង អាជ្ញាធរចាំបាច់ត្រូវយកចិត្តទុកដាក់ដើម្បីធានាដល់សុវត្ថិភាពដល់ស្ថានទូត ដែលមានការពាក់ព័ន្ឋ និងដែលមាននិវេសនដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជាដាច់ខាត។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា អាជ្ញាធរមិនមើលស្រាលចំពោះជនឱកាសនិយម ឬឧក្រិដ្ឋជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះ ធ្វើឱ្យមានបញ្ហាដល់ស្ថានទូត ឬមន្រ្តីស្ថានទូត នោះទេ។
សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន កំពុងរងការឈ្លានពានដោយកម្លាំងយោធារុស្ស៊ី ក្នុងប្រតិបត្តិការយោធាពិសេស ដែលចុះហត្ថលេខាដោយលោក Vladimir Putin។
ក្នុងប្រតិបត្តិការឈ្លានពាននេះ បានធ្វើឱ្យពលរដ្ឋ និងទាហ៊ាន អ៊ុយក្រែន ព្រមទាំងទាហ៊ាន រុស្ស៊ី រាប់ពាន់នាក់ បានស្លាប់ និងមួយចំនួនទៀតបានរងរបួស ខណៈពលរដ្ឋ អ៊ុយក្រែន ជាច្រើន បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕