បាត់ដំបង ៖ ពលរដ្ឋខ្មែរ ចំនួន៦នាក់ ក្នុងចំណោមពលរដ្ឋខ្មែរ ចំនួន១១៨នាក់ ត្រូវបានរាយការណ៍ថា វិជ្ជមានជំងឺកូវីដ-១៩ ក្រោយពេលអាជ្ញាធរថៃ ទើបបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា ត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
របាយការណ៍របស់មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានឱ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះថា អាជ្ញាធរទើប ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១១៨នាក់ (ស្រី ៣១នាក់) ក្មេង ១៤នាក់ (ក្មេងស្រី ០៥នាក់) ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ និងធ្វើតេស្តរហ័សដល់ពលរដ្ឋទាំង១១៨នាក់ ដែលជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ និងពលករចំនួន ៥០នាក់មានប័ណ្ណចាក់វ៉ាក់សាំង តែស៊្គែនអត់ចេញ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក ខណៈ ៦២នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រួតពិនិត្យវាយតម្លៃអំពីការអនុវត្តវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំពលរដ្ឋកម្ពុជា និងជនបរទេស ចេញ-ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និង បទល្មើសនានា ឆ្លងកាត់ព្រំដែនសំដៅកាត់ផ្តាច់ខ្សែរយៈទំនាក់ទំនងប្រព្រឹត្តបទល្មើស នៅតាមខ្សែបន្ទាត់ ព្រំដែនដែលមានភូមិសាស្ត្រស្មុគស្មាញ៕