ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់មន្រ្តីឱ្យពិនិត្យឡើងវិញពីការកំណត់ល្បឿនបើកបរនៅលើផ្លូវជាតិលេខ៣ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿនផងដែរ ព្រោះផ្លូវនេះ មានទទឹងធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ។
សម្តេចតេជោ បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវទាំងឡាយណាដែលមានទំហំធំៗបែបនេះ។
សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកការរៀបចំដាក់កាមេរ៉ា ចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ថា ជាការធ្វើទំនើបកម្មមួយ នៃការសាងសង់ផ្លូវនៅកម្ពុជា ខណៈ ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣នេះ មានផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវ តែរាជរដ្ឋាភិបាល បានដោះស្រាយផលប៉ះពាល់ទាំងអស់ ហើយក្រោយ សាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។
ការសាងសង់កំណាត់ផ្លូវនេះ ចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕