សារព័ត៌មាន The Independent បានរាយការណ៍ថា នៅក្នុងការបង្ហោះ Story នៅក្នុង Instagram របស់នាង Lenna បានសន្យាថា អ្នកឈ្លានពាន "នឹងត្រូវស្លាប់នៅលើទឹកដីរបស់យើង" នៅពេលនាងកាន់កាំភ្លើង។
អាណាស្តាស៊ីយ៉ា លេនណា ឡេនណា ដែលជាអតីតបវរកញ្ញាតំណាងឲ្យប្រទេសអ៊ុយក្រែនក្នុងការប្រកួតសម្រស់ Miss Grand International ឆ្នាំ ២០១៥ បានបង្ហោះវីដេអូមួយទៅក្នុងគណនី Instagram របស់នាងកាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីសកម្មភាពរបស់នាងជាមួយនឹងកាំភ្លើងនៅឯកន្លែងបាញ់ប្រហារ នេះបើយោងតាមសារព័ត៌មាន The Independent ។
នាងបានសរសេរថា "ការហ្វឹកហាត់។ ពួកឈ្លានពាននឹងស្លាប់នៅលើដីរបស់យើង! ពិភពលោកទាំងមូលនឹងឃើញពីហេតុការណ៍នេះ! រង់ចាំមើលថានឹងមានអ្វីកើតឡើង" ។ Lenna បានបន្ថែមទៀតថា "អ្នកណាក៏ដោយដែលចង់ចូលរួមការពារសន្តិសុខនៅអឺរ៉ុប ពិភពលោកអាចមកឈរក្បែរជនជាតិអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពាននៃសតវត្សទី 21 ។ សូមស្នើសុំតាមស្ថានទូតរបស់អ្នក" ។
ម្យ៉ាងវិញទៀតក្នុងចំណងជើងរូបថតដែលបង្ហោះលើ Instagram កាលពីថ្ងៃចន្ទ លេនណាបានសរសេរថា "ខ្ញុំមិនមែនជាយោធាទេ គ្រាន់តែជាស្ត្រីធម្មតាប៉ុណ្ណោះ។ គ្រាន់តែជាមនុស្សម្នាក់ដូចប្រជាជនទាំងអស់ក្នុងប្រទេសរបស់ខ្ញុំ។ ខ្ញុំក៏ជាអ្នកលេងកាំភ្លើងជាច្រើនឆ្នាំដែរ"។
អតីតរាជិនីសម្រស់ដែលកើតនៅទីក្រុងគៀវរបស់អ៊ុយក្រែនរូបនេះបានបន្តថា "យើងនឹងឈ្នះ!" នាងបន្តទៀតថា "ខ្ញុំនិយាយទៅកាន់មនុស្សទាំងអស់នៃពិភពលោក! ចូរបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន! គ្មាននរណាម្នាក់ដែលគួរស្លាប់ទេ! យើងអាចបញ្ឈប់សកម្មភាពទាំងអស់នេះជាមួយគ្នាបាន"។ បន្ទាប់មក នាងបានអង្វរសុំឲ្យអ្នកដទៃឲ្យជួយសុំឲ្យអង្គការណាតូ «ជួយបញ្ចប់សង្គ្រាមនេះផង»។ នាងបានបន្តថា "សូមជួយយើងដែលជាប្រជាជនអ៊ុយក្រែនឱ្យអាចបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី" ។