នេះជាការស្នើឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាហៅកាត់ថា CATA នៅក្នុងកិច្ចប្រជុំ នៃអនុក្រុមការងារកំណត់ប្រភពទីផ្សារទេសចរណ៍វ៉ាក់សាំងសម្រាប់ខេត្តព្រះសីហនុ ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ក្រោមអធិបតីភាពលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីវិស័យឯកជនពាក់ព័ន្ធនឹងវិស័យទេសចរណ៍យ៉ាងច្រើន។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ ក្នុងដំណាក់កាលនេះ គឺទីផ្សារអាស៊ាន ដោយមូលហេតុមានភាពងាយស្រួលបត់បែនក្នុងការធ្វើដំណើរជាមួយកម្ពុជា។ ក្រៅពីនេះ ក្រោយវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាបានរៀបចំនៅខេត្តព្រះសីហនុកន្លងទៅនេះ ទីផ្សារនៅអឺរ៉ុប ក៏ចាប់អារម្មណ៍ច្រើនផងដែរ។ លោកស្រីក៏បានស្នើឲ្យស្ថាប័នពាក់ព័ន្ធសិក្សាបន្ថែមធ្វើយ៉ាងណាទាក់ទាញទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើនផងដែរ។
បើតាមលោកស្រី ឆាយ ស៊ីវលីន កន្លងមក បើទោះបីជាមានកប៉ាល់ចូលចតនៅកំពង់ផែកម្ពុជាយើងក៏ដោយ ប៉ុន្តែមានទេសចរតិចតួចប៉ុណ្ណោះបានឡើងលើគោក ដើម្បីទស្សនាកម្ពុជា និងចំណាយពេលតិចតួចបំផុតក្នុងការទស្សនា បើធៀបនឹងប្រទេសផ្សេង។ ទន្ទឹមនឹងនេះ លោកស្រីក៏បានស្នើឲ្យមានការអនុញ្ញាតទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់ទេសចរណ៍ផងដែរ ជាពិសេសទេសចរណ៍តាមកប៉ាល់។
ចំណែកលោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានចូលរួមយោបល់ផងដែរ អំពីការរៀបចំឲ្យមានទេសចរណ៍មូស្ល៊ីមមកខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា ទេសចរណ៍មូស្ល៊ីម បានធ្វើដំណើរច្រើនលើពិភពលោក ហើយប្រទេសនៅអាស៊ានក៏មានទេសចរណ៍មូស្ល៊ីមច្រើនដែរ។ ការរៀបចំតម្រូវការចាំបាច់នានាសម្រាប់មូស្ល៊ីម ដូចជា ភោជនីយដ្ឋានហាឡាល់ សហគមន៍មូស្ល៊ីមជាដើម នឹងជួយឲ្យមានការទាក់ទាញទេសចរណ៍មូស្ល៊ីបានច្រើន។ លោកបានស្នើឲ្យមានការបណ្តុះបណ្តាលអាជីវករ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ឲ្យយល់ដឹងពីទេសចរណ៍មូស្ល៊ីមផងដែរ។
ដោយឡែកលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានលើកឡើងថា កន្លងមក ក្រុមការងាររបស់លោកធ្លាប់បានទាក់ទងជាមួយប្រទេសជិតខាង គឺប្រទេសថៃ វៀតណាម និងឡាវ ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទៅវិញទៅមក ប៉ុន្តែត្រូវអាក់ខានទៅវិញ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ដោយសារមកដល់ពេលនេះ ស្ថានភាពបច្ចុប្បន្នធូរស្រាលហើយ ក្រុមការងារលោកនឹងជំរុញក្រុមនេះឲ្យដំណើរការឡើងវិញ។ លោកថា យើងមិនអាចរង់ចាំឲ្យគេមកលេងប្រទេសយើងទេ តែយើងត្រូវរៀបចំកញ្ចប់ ហើយទៅហៅគេមកលេង ទើបមានប្រសិទ្ធភាព។
លោក សុខ សង្វារ ដែលជាអធិបតីក្នុងកិច្ចប្រជនោះបានអះអាងថា នឹងនាំយកនូវលទ្ធផលនៃកិច្ចប្រជុំនេះ ដើម្បីជូនថ្នាក់ដឹកនាំរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិចារណា។ លោកថា វិស័យទេសចរណ៍ចាំបាច់ត្រូវការកិច្ចសហការរវាងរដ្ឋ និងឯកជន ទើបអាចទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ទីផ្សារអាស៊ាន និងអឺរ៉ុប គឺជាគោលដៅថ្មី ដែលត្រូវគិតគូរមុនគេ សម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំងខេត្តព្រះសីហនុ ក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។ ក្រៅពីនេះ ខេត្តព្រះសីហនុក៏ត្រូវគិតគូរពីការផ្សព្វផ្សាយ និងការសម្របសម្រួលនានា ដើម្បីទាញយកទេសចរណ៍តាមកប៉ាល់ផងដែរ នេះជាការលើកឡើងជារួមរបស់អង្គប្រជុំ៕ (មានជ័យ)