លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអះអាងថា ក្រោយពីជំងឺកូវីដ-១៩នៅកម្ពុជាបានធូរស្រាល ហើយបើកឲ្យទេសចរវ៉ាក់សាំងចូលនោះ មានអ្នកទេសចររុស្ស៊ី យ៉ាងច្រើន បានចូលទៅកាន់ខេត្តព្រះសីហនុ ហើយចំនួននៃអ្នកទេសចររុស្ស៊ី បានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរចិន និងវៀតណាម ហើយលោកបានជំរុញទេសចរណ៍រុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសទៅកាន់ខេត្តព្រះសីហនុឲ្យកាន់តែច្រើន។
ការលើកឡើងរបស់អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនេះ ខណៈលោកបានជួបពិភាក្សាការងារជាមួយលោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី ។
ឭនៅក្នុងជំនួបពិភាក្សាការងារនោះ លោក គួច ចំរើន លើកឡើងពីសក្តានុពលរបស់ខេត្តព្រះសីហនុ។ លោកថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលសក្តានុពលនេះ បានផ្តល់ឱកាសដល់អ្នកវិនិយោគជាច្រើន បានចូលមកបណ្តាក់ទុន។ ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីផងដែរ ដែលពួកគាត់បានមកវិនិយោគលើវិស័យទេសចរ ជាពិសេសការវិនិយោគនៅកោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញ ដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូ ក្នុងការវិនិយោគ។
បើតាមលោក គួច ចំរើន កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានៅចងចាំនូវអ្វីដែលរុស្ស៊ី បានជួយកម្ពុជាក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ ក្នុងនោះ រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។
ចំណែកលោក Alexey Chepa បានអះអាងថា កាលពីប៉ុន្មានឆ្នាំមុន លោកធ្លាប់បានមកកាន់ខេត្តព្រះសីហនុ តែមិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ ប៉ុន្តែក្រោយពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ី ដែលបង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា បានធ្វើឱ្យអ្នកទេសចររុស្ស៊ី ចាប់អារម្មណ៏ និងចង់មកកម្ពុជាកាន់តែច្រើនឡើងៗ។ លោកសង្ឃឹមថា ថ្ងៃខាងមុខ ភ្ញៀវទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀត។ ជាមួយគ្នានោះ លោក Alexey Chepa មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងអញ្ជើញប្រតិភូរុស្ស៊ី មកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង Veliky Novgorod នៃប្រទេសរុស្ស៊ីផងដែរ។
លោក គួច ចំរើន បានឲ្យដឹងដែរថា ដោយសារតែបច្ចុប្បន្នខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ អាចឱ្យយន្តហោះ អាចហោះឆ្លងទ្វីបចុះចតបាន លោកសង្ឃឹមថា លោក Alexey Chepa នឹងជួយផ្សព្វផ្សាយដល់អ្នកទេសចររុស្ស៊ី និងអ្នកវិនិយោគរុស្ស៊ី ឲ្យមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀត នាពេលខាងមុខ។
សូមបញ្ជាក់ថា បើតាមរបាយការណ៏ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់ចុងសប្តាហ៍កន្លងទៅនេះ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប១៦៥,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៥៧,៤៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៧,៦០៣នាក់ ក្នុងនោះខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានចំនួន៣៤,៥២២នាក់៕