BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការនាំចេញកសិផល រយៈពេល២ខែដើមឆ្នាំ២០២២ ​កើនឡើង៩,៥១ភាគរយ

ថ្ងៃអង្គារ, 01 ខែមីនា 2022 10:29  លាង ឡា

2022-03-01 10.25.54

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល២ខែមកនេះ បានកើនឡើងប្រមាណ៩,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០តោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងបន្តថា  បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន។

លោកបានបន្ថែមថា បរិមាណនាំចេញស្រូវ មានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) មានការកើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

2022-03-01 10.25.59

លោក វេង សាខុន បានបញ្ជាក់ថា បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន។

របាយការណ៍ស្តីអំពីវឌ្ឍនភាព របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងឆ្នាំ២០២១ បានឱ្យដឹងថា ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈប្រឈម នៃការរីករាលដាលជំងឺកូវី-១៩ យ៉ាងណាក៏ដោយ ក៏វិស័យនាំចេញអង្ករកម្ពុជា ធ្វើការនាំចេញបានចំនួន ៦១៧ ០៦៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤១៨.១៥ លានដុល្លារសហរដ្ឋអាមេរិក និងបានធ្វើការនាំស្រូវចេញបានចំនួន ៣ ៥២៧ ៤១៨ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៨៤៥.៩៥ លានដុល្លារសហរដ្ឋអាមេរិក  ឬចំណូលពីការនាំចេញជាមធ្យមប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ ដែលជាប្រភពចំណូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាកសិករក្នុងស្ថានការណ៍ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩៕

2022-03-01 10.26.04


 


ថ្ងៃអង្គារ, 01 ខែមីនា 2022 10:29  លាង ឡា