Reuters-
លោកប្រធានាធិបតី Volodymyr Zelensky បានជំរុញឲ្យបស្ចឹមប្រទេសពិចារណារនូវតំបន់គ្មានការហោះហើរសំរាប់យន្តហោះរុស្សីលើអ៊ុយក្រែនកាលពីថ្ងៃច័ន្ទបន្ទាប់ពីទីក្រុងមូស្គូបានធ្វើការទំលាក់គ្រាប់បែកទៅលើទីក្រុងដ៏ធំជាងគេទី២ ដែលនាំឲ្យមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។ រុស្សីបានប្រឈមទៅនឹងភាពឯកោជាអន្តរជាតិក្នុងការដែលខ្លួនឈ្លានពានអ៊ុយក្រែន ហើយបន្ទាប់ពីមានការចរចារគ្នាជាច្រើនម៉ោងរវាងភាគីទាំង២ កាលពីថ្ងៃច័ន្ទដែលទទួលបរាជ័យមិនបានឈានទៅដល់ការទម្លុះទម្លាយភាពទាល់ច្រកដើម្បីបញ្ឈប់នូវការប្រយុទ្ធ។
មន្ត្រីអ៊ុយក្រែនបាននិយាយថារុស្សីបានធ្វើការវាយប្រហារទៅលើក្រុង Kharkiv ដែលជាទីក្រុងមានមនុស្សចំនួន១,៤លាននាក់ បានសម្លាប់ជនស៊ីវិល រួមទាំងកូនក្មេង។ នៅក្នុងសុន្ទរកថាតាមវីឌីអូ Zelensky បាននិយាយថា វាជាពេលវេលាដែលត្រូវរាំងខ្ទប់មីស៊ីល យន្តហោះ និងឧទ្ធម្ភាគចក្ររុស្សីចេញពីដែនអាកាសអ៊ុយក្រែន។ "ការចរចារមួយដែលត្រឹមត្រូវវាអាចកើតមានឡើង នៅពេលដែលភាគីម្ខាងមិនបានបាញ់ប្រហារភាគីម្ខាងទៀតជាមួយនឹងរ៉ុក្កែតនិងកាំភ្លើងធំនៅចំពេលដែលកំពុងមានការចរចារ" Zelensky បាននិយាយ។
សហរដ្ឋអាមេរិកបានច្រានចោលក្នុងការបញ្ជូនទ័ពទៅប្រយុទ្ធជាមួយរុស្សី ហើយមន្ត្រីបានបញ្ចេញនូវការព្រួយបារម្ភ អំពីការកើនឡើងនៃភាពតានតឹងរវាងមហាអំណាចនុយគ្លេអ៊ែរដ៏ធំលើលោកទាំង២។ "តំបន់គ្មានការហោះហើរវាទាមទារឲ្យមានការអនុវត្តិន៍" អ្នកនាំពាក្យសរតវិមាន Jen Psaki បានប្រាប់អ្នកយកព័ត៌មាន។ ទង្វើដូចនេះវាទាមទារឲ្យមានការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកដើម្បីចាប់បង្ខំ ដែលវានឹងនាំឲ្យមានទំនាស់ដោយផ្ទាល់ ដែលអាចនឹងមានសង្រ្គាមជាមួយរុស្សី ដែលជារឿងមួយយើងពុំមានផែនការនឹងចូលពាក់ព័ន្ធ។
ប្រជាជាតិបស្ចឹមប្រទេស បានរួមគ្នាក្នុងការថ្កោលទោសនៃការវាយប្រហាររបស់រុស្សី បានដាក់ទណ្ឌកម្មទៅលើរុស្សីដែលមានមុខព្រួញខ្លះឆ្ពោះទៅរកលោកប្រធានាធិបតី Vladimir Putin និងមនុស្សជំនិតរបស់លោក។ ប៉ុន្តែ Putin មិនបានបង្ហាញសញ្ញានូវការពិចារណារឡើងវិញក្នុងការឈ្លានពាន លោកបានបណ្តោយឲ្យមានសង្រ្គាមជាមួយអ្នកជិតខាងកាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុនក្នុងការប៉ុនប៉ងគូសឡើងវិញនូវផែនទីសន្តិសុខអឺរ៉ុបនិងទាញយកអ៊ុយក្រែនយ៉ាងតឹងដៃចូលមកក្នុងតារវិថីរបស់ខ្លួន។ មេដឹកនាំរុស្សីបានដាក់កងកម្លាំងនុយគ្លេអ៊ែររុស្សីទៅក្នុងស្ថានភាពអាសន្នខ្ពស់កាលពីថ្ងៃអាទិត្យ។