ភ្នំពេញ៖ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ដោយអន្លើ នៅតាមតំបន់នានា ដែលបណ្តាលមកពីឥទ្ធិពលសម្ពាធទាប ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
យោងតាមប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ។ លុះដល់ថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពល នៃសម្ពាធទាប កើតឡើងនៅលើប្រទេសកម្ពុជា និងថៃ ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២២-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សាសេ ហើយអាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។
ក្រសួងបន្តទៀតថា នៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី ២២-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ អង្សាសេ ហើយអាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី ២១-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ នឹងអាចមានភ្លៀង លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានប្រកាសថា ក្នុងរដូវប្រាំងឆ្នាំនេះ បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ ២០២១ ខណៈចាប់ពីខែកុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន៕