ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវ ស៊ើបអង្កេត លើករណី ទាសករលក់ឈាម និងអះអាងថា ជាជាព័ត៌មានប្រឌិត។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា រយៈពេលថ្មីៗកន្លងមកនេះ មានសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការ ផ្សព្វផ្សាយព័ត៌មាន ស្តីពី ការចាប់បង្ខាំងជនជាតិចិន ធ្វើទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ដោយបានធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្ត្រសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់ សាធារណៈមតិជាតិ អន្តរជាតិជាច្រើន។
អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអកុសលខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចង្អុលដឹកនាំ អង្គភាពជំនាញ ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធច្រើន កន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មានខាងលើ ជាព័ត៌មានប្រឌិត ដែល រៀបចំដោយឈ្មោះ LI YA YLIAN LUN ភេទប្រុស ជនជាតិចិន អាយុ ៣១ឆ្នាំ (ស្នាក់នៅព្យាបាលមន្ទីរពេទ្យ ឆនកម្ពុជា-ចិន រាជធានីភ្នំពេញ) និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ ដែលក្នុងនោះ ៖
១.ឈ្មោះ LI YA YUAN LUN ដែលអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះ បានលួចឆ្លងដែន ចូលប្រទេសកម្ពុជា ដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។
២.អ្នកពាក់ព័ន្ធចំនួន ០៣នាក់ គឺជាអ្នកដល់ឈ្មោះ LI YA YLIAN LUN ក្នុងការរៀបចំគម្រោង ប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយ ដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។
បច្ចុប្បន្ន ឈ្មោះ LI YA YLIAN LLIN និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖លាង ឡា