ភ្នំពេញ ៖ ជនសង្ស័យប្រុស ស្រី ចំនួន៣៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នាថ្ងៃទី២៧ ខែកុម្ភៈ និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នាពីថ្ងៃទី២៧ ខែកុម្ភៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣៦នាក់ (ស្រីម្នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស ចំនួន១៤ករណី។
របាយការណ៍ដដែលបានឱ្យដឹងដែរថា ក្នុងចំណោមជនសង្ស័យទាំង៣៦នាក់ រួមមាន ៖ជួញដូរ ៩ករណី ឃាត់ ១៩នាក់, ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់ និងដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់៤នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន(Ice) = ៧៣,៩៤ក្រាម និង៤៤កញ្ចប់តូច និងមេតំហ្វេតាមីន(Wy)=១៥,៣៩ក្រាម ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង ហើយបានជះឥទ្ធិពលមកលើប្រទេសក្នុងតំបន់ ក្នុងនោះរួមទាំងកម្ពុជាផងដែរ៕