ភ្នំពេញ៖ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃ នឹងចាប់ផ្តើមហោះហើរទៅមកបាងកក-សៀមរាប ឡើងវិញ ចាប់ពីថ្ងៃទី៣ ខែមីនា ២០២២ ខាងមុខដែល នឹងជួយជំរុញទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប កាន់តែច្រើនជាងមុន។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើមហោះហើរឡើងវិញ ពីទីក្រុងបាងកក មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២តទៅ។
ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ របស់ប្រទេសថៃមួយនឹងបើកការហោះហើរត្រង់២ជើង ក្នុង១សប្តាហ៍។ ក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍ ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់បំផុតរបស់កម្ពុជា។
ក្រសួងបានបន្តថា ដោយអត្រា នៃការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ទូទាំងប្រទេសកម្ពុជា សម្រេចបានប្រមាណជាង៩០% នៃចំនួនប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងការអនុវត្តវិធានសុវត្ថិភាពបានយ៉ាងល្អ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានបើកទទួលទេសចរអន្តរជាតិ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរពិនិត្យឃើញអវិជ្ជមានកូវីដ-១៩ ពេលមកដល់កម្ពុជា៕