ភ្នំពេញ ៖ ជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួន និងដកហូតបាននូវសារធាតុផ្សំគ្រឿងញៀន ព្រមទាំងគ្រឿងញៀនសុទ្ឋជាច្រើនគីឡូ។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៦:៣០នាទី នៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ ៤៥០ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
សមត្ថកិច្ចឱ្យដឹងបន្តថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ Su Yunshi ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន និងចាប់យកវត្ថុតាង រួមមាន៖ -មេតំហ្វេតាមីន (WY) ទម្ងន់ ២ គីឡូក្រាម ៦៦៦ ក្រាម -អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២គីឡូ និង៦៥១.៥១ក្រាម -កេតាមីន (KETAMIN) ទម្ងន់ ២១៩.៣៥ក្រាម -នីមេតាហ្សេប៉ាម (4CEC) ទម្ងន់ ៣៥.៦៤ ក្រាម- សរុបសារធាតុញៀន ទម្ងន់សុទ្ធ ៥ គីឡូនិង ៥៧២.៥០ក្រាម កញ្ឆាក្រៀម ៤ គីឡូនិង ៥៤២ក្រាម ព្រមទាំងសារធាតុផ្សំ ១៣ គីឡូក្រាម និងឧបករណ៍កែច្នៃមួយចំនួនធំផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕