ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍ ដោយសម្តែងការព្រួយបារម្ភពីស្ថានការណ៍ នៅប្រទេសក្នុងអ៊ុយក្រែន និងបានអំពាវនាវដល់ភាគីពាក់ព័ន្ឋបន្តការសន្ទនារកដំណោះស្រាយដោយសន្តិវិធី។
សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឱ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍ នៃស្ថានការណ៍ និងការប៉ះ ទង្គិចអាវុធនៅប្រទេស អ៊ុយក្រែន និងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំង មធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹងនិង ស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។
សេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងថា យើងជឿថានៅមិនទាន់អស់ឱកាសទេសម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យវិវត្តដល់លែងគ្រប់គ្រងបាន។ដើម្បីភាពឋិតថេរ នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់។
សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន កំពុងរងការឈ្លានពានដោយកម្លាំងយោធារុស្ស៊ី ក្នុងប្រតិបត្តិការយោធាពិសេស ដែលចុះហត្ថលេខាដោយលោក Vladimir Putin។ ក្នុងប្រតិបត្តិការឈ្លានពាននេះ បានធ្វើឱ្យពលរដ្ឋ និងទាហ៊ាន អ៊ុយក្រែន ជាង ១០០ នាក់ បានស្លាប់ និងមួយចំនួនទៀតបានរងរបួស៕
អត្ថបទ៖លាង ឡា