ភ្នំពេញ ៖ ជនសង្ស័យប្រុស ស្រី ចំនួន៤៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នាថ្ងៃទី២៥ ខែកុម្ភៈ និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤៩នាក់ (ស្រី៣នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន២៦ករណី ទូទាំងប្រទេស។
របាយការណ៍បានឱ្យដឹងដែរថា ក្នុងចំណោមជនសង្ស័យទាំង៤៩នាក់ រួមមាន ៖ ៩ករណី ឃាត់ ១៥នាក់, ប្រើប្រាស់ ៩ករណី ឃាត់ ២៤នាក់ និងដឹកជញ្ជូនរក្សាទុក ៧ករណី ឃាត់៩នាក់ និងផលិតកែច្នៃ ១ករណី ឃាត់១នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន(Ice) = ៣០៨២,៩៩ក្រាម និង៦កញ្ចប់តូច -មេតំហ្វេតាមីន(Wy) = ២៦២,៨០ក្រាម -កេតាមីន(Ke) = ៣២០,០៥ក្រាម -អ៊ិចស្តាស៊ី(mdma) = ២៦៥១,៥១ក្រាម និងនីមេតាហ្សាប៉ាម(N-zapam)= ៣៥,៦៤ក្រាម ។
គួរបញ្ជាក់ថា នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង ហើយបានជះឥទ្ធិពលមកលើប្រទេសក្នុងតំបន់ ក្នុងនោះរួមទាំងកម្ពុជាផងដែរ៕
អត្ថបទ៖លាង ឡា