បាត់ដំបង ៖ ពលរដ្ឋខ្មែរ ចំនួន៥នាក់ ក្នុងចំណោមពលរដ្ឋខ្មែរ ចំនួន១១៣នាក់ ត្រូវបានរាយការណ៍ថា វិជ្ជមានជំងឺកូវីដ-១៩ ក្រោយពេលអាជ្ញាធរថៃ ទើបបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា តាមច្រកតំបន់អូរអន្លក់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវៈ៨១៩ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២នេះលោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
លោកបន្តថា សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ និងធ្វើតេស្តរហ័សដល់ពលរដ្ឋទាំង១១៣នាក់ ដែលជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន៥នាក់។
លោកឱ្យដឹងបន្តថា ពលករចំនួន៤២នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ក្នុងស្រុកសំពៅលូន ខណៈពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៦៦នាក់ និងអ្នកបានចាក់វ៉ាក់សាំង ចាប់ពីអាយុ ៥ឆ្នាំដល់ ១៨ឆ្នាំ ចំនួន២នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យវាយតម្លៃអំពីការអនុវត្តវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំពលរដ្ឋកម្ពុជា និងជនបរទេសចេញ-ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និង បទល្មើសនានាឆ្លងកាត់ព្រំដែនសំដៅកាត់ផ្តាច់ខ្សែរយៈទំនាក់ទំនងប្រព្រឹត្តបទល្មើស និងលុបបំបាត់ឱ្យបានជាដាច់ខាតនូវការលួច ចេញ-ចូល តាមច្រកមិនផ្លូវការនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងធ្វើការពិនិត្យ និងរៀបចំនូវកម្លាំងឈរជើងឱ្យបានសមស្រប ដើម្បីល្បាតត្រួតពិនិត្យទប់ស្កាត់ការលួចចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតាមខ្សែបន្ទាត់ ព្រំដែនដែលមានភូមិសាស្ត្រស្មុគស្មាញ៕
អត្ថបទ៖លាង ឡា