ភ្នំពេញ៖ ក្រុមមន្រ្តីពាក់ព័ន្ឋបានបង្ហាញគោលដៅ នៃការនាំចេញស្រូវ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញអំពីការសម្រេចការងារក្នុងឆ្នាំ២០២១ និងការជំរុញការនាំចេញ ក្នុងឆ្នាំ២០២២ លើបរិមាណ ៧៥ម៉ឺនតោន។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការកិនកែច្នៃលើបរិមាណ៧៥ ម៉ឺនតោន គឺមានសមត្ថភាពគ្រប់គ្រាន់ បើស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្បើយ ហើយមានទូកុងតែន័រគ្រប់គ្រាន់ និងការដឹកជញ្ជូនតាមផែសមុទ្រវិលមករកប្រក្រតីភាពវិញ។
លោកបញ្ជាក់ថា មូលដ្ឋានទីផ្សារ គឺយើងមានហើយ ជាពិសេសប្រទេសចិន ប្រមាណជា៤០ម៉ឺនតោនក្នុងដៃ ទីផ្សារសហគមន៍អឺរ៉ុប បានបើកទូលាយ ចំណែកទីផ្សារប្រទេសអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ព្រុយណេ និងទីផ្សារផ្សេងៗទៀតដូចជា ប្រទេសអូស្ត្រាលី ហ្កាប៊ុង ជាដើម។
របាយការណ៍ស្តីអំពីវឌ្ឍនភាពដែលសហព័ន្ធសម្រេចបានក្នុងឆ្នាំ២០២១ បានឱ្យដឹងថា ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈប្រឈម នៃការរីករាលដាលជំងឺកូវី-១៩ យ៉ាងណាក៏ដោយ ក៏វិស័យនាំចេញអង្ករកម្ពុជា បានធ្វើការនាំចេញបានចំនួន ៦១៧ ០៦៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤១៨.១៥ លានដុល្លារសហរដ្ឋអាមេរិក និងបានធ្វើការនាំស្រូវចេញបានចំនួន ៣ ៥២៧ ៤១៨ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៨៤៥.៩៥ លានដុល្លារសហរដ្ឋអាមេរិក ឬ ចំណូលពីការនាំចេញជាមធ្យមប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ ដែលជាប្រភពចំណូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាកសិករក្នុងស្ថានការណ៍ នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩៕