ភ្នំពេញ ៖ ជនសង្ស័យប្រុស ស្រី ចំនួន៣៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នាថ្ងៃទី២៤ ខែកុម្ភៈ និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣៥នាក់ (ស្រី៥នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៥ករណី ទូទាំងប្រទេស។
របាយការណ៍បានឱ្យដឹងដែរថា ក្នុងចំណោមជនសង្ស័យទាំង៣៥នាក់ រួមមាន ៖ ជួញដូរ ៦ករណី ឃាត់១០នាក់, ប្រើប្រាស់ ៥ករណី ឃាត់១៩នាក់ និងដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់៤នាក់ និងបើកបរក្រោមឥទ្ធិពល ១ករណី ឃាត់២នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន(Ice) = ២៤,៤០ក្រាម និង២៦កញ្ចប់តូច ។
គួរបញ្ជាក់ថា នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមការវាយតម្លៃទូទៅ និន្នាការនៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង ហើយបានជះឥទ្ធិពលមកលើប្រទេសក្នុងតំបន់ ក្នុងនោះរួមទាំងកម្ពុជាផងដែរ៕