ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវនូវចំណុចសំខាន់ៗចំនួន៤ ក្នុងឱកាសប្រារព្ធខួបលើកទី៣ នៃទិវាជាតិ យល់ដឹងអំពីមីន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងចំណុចសំខាន់ៗដែលសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ រួមមាន៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលានៅតាមសហគមន៍ ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយទូលំទូលាយ តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តប័ណ្ណ។
ទី២- អាជ្ញាធរមិនត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បី កំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំង ដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែក ចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ ដែលរងផលប៉ះពាល់និងឥរិយាបថរបស់ជនងាយរងគ្រោះ។
ទី៣- ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពរបោសសម្អាតមីន គ្រាប់បែក ចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារ គ្រឿងផ្ទុះទាំងនេះ។
ទី៤- អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តស្រាវជ្រាវ វិធីសាស្ត្រកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល ២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២,៣២៥គីឡូម៉ែត ការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមានការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួន ៧,៣២២,៥៣៦ នាក់។ មីនប្រឆាំងមនុស្សចំនួន ១,១១៨,៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥,៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ចំនួន ២,៩៧៧,២៦៧គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ៕
អត្ថបទ៖លាង ឡា